Matthew 28

ព្រះយេស៊ូរស់ឡើងវិញ

1ព្រលឹមស្រាងៗនៅក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ក្រោយថ្ងៃសប្ប័ទ​នាង​ម៉ារាជា​អ្នក​ក្រុង​ម៉ាក់ដាឡានិង​នាង​ម៉ារា​ម្នាក់​ទៀត​បាន​មកមើលផ្នូរ 2ពេលនោះក៏មានរញ្ជួយដីយ៉ាងខ្លាំងដ្បិតទេវតា​របស់​ព្រះអម្ចាស់​បាន​ចុះពីស្ថានសួគ៌​មក​ហើយចូលទៅជិត​ផ្នូរ​ប្រមៀលថ្ម​បិទផ្នូរនោះ​ចេញនិង​បាន​អង្គុយនៅលើថ្មនោះ 3រូបរាងរបស់​ទេវតានោះ​ភ្លឺ​ដូចជាផ្លេកបន្ទោរហើយសម្លៀកបំពាក់ដូចព្រឹល 4ពួកអ្នក​យាម​ភ័យ​ញ័ររន្ធត់ដោយខ្លាចទេវតានោះហើយ​ពួកគេ​ត្រលប់ដូចជា​មនុស្ស​ស្លាប់ 5ទេវតានោះក៏និយាយ​ទៅពួក​ស្ដ្រីទាំងនោះថា៖ ​«កុំខ្លាចអី! ​ដ្បិតខ្ញុំដឹងថា​អ្នក​កំពុង​រក​ព្រះ​យេស៊ូដែល​ត្រូវ​គេ​ឆ្កាង​នោះ​ហើយ 6ព្រះអង្គមិននៅទីនេះ​ទៀត​ទេដ្បិត​ព្រះអង្គ​បាន​រស់​ពី​ការសោយទិវង្គត​ឡើងវិញដូចដែល​ព្រះអង្គ​បាន​មានបន្ទូលរួចហើយ​ចូរ​មកមើលកន្លែងដែល​គេ​ផ្ដេក​សព​ព្រះអង្គចុះ 7ហើយចូរ​ប្រញាប់ទៅប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គថា​ព្រះអង្គ​បាន​រស់ពីការសោយទិវង្គត​ឡើងវិញ​ហើយមើល៍​ព្រះអង្គ​យាងទៅ​ស្រុក​កាលីឡេមុនអ្នករាល់គ្នា​អ្នករាល់គ្នា​នឹង​ជួបព្រះអង្គនៅទីនោះ។ ​មើល៍! ​ខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា​រួច​ហើយ»។ 8កាលបាន​ចាកចេញពីផ្នូរយ៉ាងរហ័សទាំងភ័យអរជាខ្លាំងផង​នោះ​ពួកនាង​ក៏​រត់ទៅប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ 9ស្រាប់តែព្រះ​យេស៊ូ​បាន​មកជួប​ពួក​នាង​ទាំង​មានបន្ទូលថា៖ ​«ជម្រាបសួរ»។ ​ពួក​នាង​បាន​ចូលមកជិតចាប់ឱបបាទា
«បាទា» ជារាជសព្ទប្រើសម្រាប់ហៅ «ជើង»។
ព្រះអង្គនិង​បាន​ថ្វាយបង្គំព្រះអង្គ
10បន្ទាប់មកព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកនាងថា៖ ​«កុំខ្លាចអី! ​ចូរទៅប្រាប់បងប្អូនខ្ញុំថា​ឲ្យ​ពួកគេ​ទៅ​ស្រុក​កាលីឡេចុះហើយ​ពួកគេ​នឹង​ជួបខ្ញុំនៅទីនោះ»។

ពួកមេដឹកនាំសាសនាសូកពួកទាហាន

11កាល​ពួកនាង​កំពុង​ធ្វើ​ដំណើរ​ទៅនោះ​ពួក​អ្នកយាមខ្លះ​បាន​ចូលទៅក្នុងក្រុងប្រាប់​ពួក​សម្ដេចសង្ឃ​អំពី​ហេតុការណ៍ទាំងឡាយ​ដែល​បាន​កើតឡើង 12បន្ទាប់ពីពួកសម្ដេចសង្ឃ​បាន​ពិគ្រោះ​គ្នា​នឹង​ពួក​ចាស់ទុំ​រួចហើយ​ពួកគេ​ក៏ឲ្យប្រាក់ជាច្រើន​ដល់​ពួក​ទាហាន 13ដោយប្រាប់ថា៖ ​«ចូរ​និយាយថា​ពេល​យើង​កំពុង​ដេកលក់​ពួក​សិស្ស​របស់​វា​បាន​មកលួច​យក​សព​របស់វាទាំងយប់ 14ហើយបើ​រឿង​នេះដល់​លោក​អភិបាលយើង​នឹង​បញ្ចុះបញ្ចូលគាត់មិន​ឲ្យ​អ្នករាល់គ្នាមាន​បញ្ហា​ទេ»។ 15ពួកទាហានក៏ទទួលយកប្រាក់ហើយធ្វើតាមដូចដែល​ពួកគេ​បង្គាប់។ ​ដូច្នេះរឿងនេះក៏​បាន​ឮសុសសាយក្នុងចំណោម​ជនជាតិ​យូដារហូតដល់សព្វថ្ងៃ

ព្រះយេស៊ូប្រទានមហាបេសកកម្ម

16ពួក​សិស្សទាំងដប់មួយនាក់​បាន​ទៅ​ស្រុក​កាលីឡេឆ្ពោះទៅភ្នំដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​ពួកគេ​ទៅ។ 17កាលឃើញព្រះអង្គហើយ​ពួកគេ​ក៏ថ្វាយបង្គំ​ព្រះអង្គ​ប៉ុន្ដែ​អ្នក​ខ្លះ​នៅតែ​សង្ស័យ 18នោះព្រះ​យេស៊ូក៏យាងមកជិតពួកគេមានបន្ទូលថា៖ ​«ខ្ញុំ​បាន​ទទួលសិទ្ធិអំណាចទាំងអស់​ទាំង​នៅស្ថានសួគ៌និងនៅផែនដី 19ដូច្នេះចូរ​ទៅបង្កើតសិស្ស​ពី​គ្រប់ជនជាតិ​ហើយ​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​ពួកគេនៅក្នុង​ព្រះ​នាម​ព្រះ​វរ​បិតា​ព្រះ​រាជ​បុត្រានិង​ព្រះ​វិញ្ញាណបរិសុទ្ធ 20ហើយបង្រៀនពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងប៉ុន្មានដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នករាល់គ្នាហើយមើល៍ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលារហូតដល់អស់កល្ប» ​៕
Copyright information for KhmKCB